Hover Setting

slideup

សេវាកម្ម : វីដេអូ & រូបថត

អំណាចនៃការមានអ្នកតម្រង់ទិស (Mentorship)៖ ហេតុអ្វីបានជាអ្នកបង្កើតថ្មីគ្រប់រូបត្រូវការអ្នកតម្រង់ទិស

ចេញផ្សាយ៖ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ ដោយ Adobe Creative Careers

មិនថាអ្នកជាអ្នកឌីហ្សាញឯករាជ្យ (Freelance designer) អ្នកគូររូបភាពប្រកបដោយការច្នៃប្រឌិត (Illustrator) ឬជាអ្នកដែលមានបំណងចង់ក្លាយជាប្រធានផ្នែកសិល្បៈ (Art Director) នោះទេ ការដើរលើផ្លូវអាជីពតែម្នាក់ឯងអាចជាដំណើរដ៏គួរឱ្យព្រួយបារម្ភ។ អ្នកតម្រង់ទិស (Mentor) ផ្តល់នូវការណែនាំ ការគាំទ្រ និងការយល់ដឹងជម្រៅ ដែលអាចជួយជំរុញទាំងការលូតលាស់ផ្លូវចិត្ត និងអាជីពរបស់អ្នកឱ្យកាន់តែឆាប់រហ័ស។

នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ថាហេតុអ្វីបានជាអ្នកបង្កើតថ្មីគ្រប់រូបត្រូវការអ្នកតម្រង់ទិស ដោយមានការចូលរួមចែករំលែកបទពិសោធន៍ពីសិល្បករបីរូប ដែលធ្លាប់បានឆ្លងកាត់ការធ្វើជាអ្នកតម្រង់ទិស និងជាអ្នកទទួលការតម្រង់ទិស។

ការតម្រង់ទិសផ្តល់នូវភាពច្បាស់លាស់ និងទិសដៅ

ការមកដល់ផ្លូវបំបែកក្នុងអាជីពរបស់អ្នកអាចជារឿងដ៏គួរឱ្យព្រួយបារម្ភ។ អ្នកតម្រង់ទិសជាញឹកញាប់គឺជាកូនសោក្នុងការបើកបង្ហាញភាពច្បាស់លាស់ និងទិសដៅដែលអ្នកត្រូវការដើម្បីបោះជំហានទៅមុខ។ អ្នកគូររូបភាពប្រកបដោយការច្នៃប្រឌិត និងជាអ្នកតម្រង់ទិស អ្នកនាង Teti Kartasheva បានលើកឡើងថា៖ «អ្នកតម្រង់ទិសដ៏ល្អម្នាក់ នឹងបំពាក់បំប៉នអ្នកនូវឧបករណ៍ដើម្បីជួយឱ្យអ្នកមានការផ្តោតអារម្មណ៍ បំភ្លឺគោលដៅរបស់អ្នក និងបោះជំហានបន្ទាប់ក្នុងការលូតលាស់។ រីឯអ្នកតម្រង់ទិសដ៏ឆ្នើមវិញ ជាញឹកញាប់អាចមើលឃើញពីតម្រូវការរបស់អ្នក មុនពេលដែលអ្នកខ្លួនឯងដឹងខ្លួនពេញលេញផងដែរ»។

ការភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលដែលមានបទពិសោធន៍ច្រើនជាងនៅក្នុងវិស័យរបស់អ្នក អនុញ្ញាតឱ្យអ្នករៀនសូត្រពីជោគជ័យ និងកំហុសឆ្គងរបស់ពួកគេ។ លោក David Sossella ដែលជាអ្នកគូររូបភាព និងជាប្រធានផ្នែកសិល្បៈ បានចែករំលែកថា៖ «សារៈសំខាន់របស់អ្នកតម្រង់ទិស គឺស្ថិតនៅលើសមត្ថភាពរបស់ពួកគេក្នុងការផ្ទេរជំនាញ និងបទពិសោធន៍»។ លោក David បានទទួលតួនាទីជាអ្នកតម្រង់ទិសដោយធម្មជាតិ នៅពេលដែលមិត្តភក្តិ និងសហការីបានស្វែងរកការប្រឹក្សាពីរូបលោក ដោយលោកបានយល់ឃើញថា លោកអាចជួយអ្នកដទៃឱ្យរីកចម្រើនបាន តាមរយៈការចែករំលែកការយល់ដឹងរបស់លោក។ «នេះបានធ្វើឱ្យខ្ញុំដឹងថា ខ្ញុំអាចជួយអ្នកដទៃបានតាមរយៈបទពិសោធន៍របស់ខ្ញុំ ហើយចែករំលែកនូវអ្វីដែលខ្ញុំបានរៀនសូត្រ និងបានស្វែងយល់»។

ការតម្រង់ទិសផ្តល់នូវមតិកែលម្អដែលសមស្របចំគោលដៅ

ទោះបីជាសៀវភៅ មេរៀន ឬប្រភពធនធានតាមអនឡាញមានប្រយោជន៍យ៉ាងណាក៏ដោយ ក៏គ្មានអ្វីអាចប្រៀបផ្ទឹមនឹងការផ្តល់មតិកែលម្អផ្ទាល់ខ្លួនបែប "ម្នាក់ទល់នឹងម្នាក់" បានឡើយ។ លោក David បានពន្យល់ថា៖ «កន្លែងដែលអ្នកតម្រង់ទិសអាចបង្កើតការផ្លាស់ប្តូរពិតប្រាកដ គឺតាមរយៈការណែនាំអ្នកដោយផ្ទាល់ ការពិនិត្យមើលស្នាដៃរបស់អ្នក និងការកែសម្រួលការណែនាំរបស់ពួកគេឱ្យត្រូវចំនុចជាក់លាក់នៃស្នាដៃនោះ»។

អ្នកតម្រង់ទិសចំណាយពេលដើម្បីយល់ពីចក្ខុវិស័យ និងគោលដៅរបស់អ្នក ដោយផ្តល់នូវមតិកែលម្អដែលអាចជួយសម្រួចផលប័ត្រស្នាដៃ (Portfolio) របស់អ្នក ឱ្យកាន់តែមានភាពទាក់ទាញចំពោះអតិថិជន ឬនិយោជកដែលមានសក្តានុពល។ ពួកគេអាចមើលឃើញពីចន្លោះខ្វះខាតនៅក្នុងស្នាដៃរបស់អ្នក និងស្នើចំណុចដែលត្រូវកែលម្អ ដែលជួយឱ្យអ្នកស្វែងរកលទ្ធភាពច្នៃប្រឌិតថ្មីៗ និងជរុញព្រំដែននៃជំនាញរបស់អ្នកឱ្យកាន់តែឆ្ងាយ។

ការតម្រង់ទិសអាចកើតចេញពីគ្រប់ទិសទី

ការតម្រង់ទិសមិនចាំបាច់ធ្វើឡើងតាមរចនាសម្ព័ន្ធផ្លូវការជានិច្ចនោះទេ។ ពេញមួយអាជីពរបស់អ្នក អ្នកអាចស្វែងរកអ្នកតម្រង់ទិសក្នុងទម្រង់ និងបរិបទផ្សេងៗគ្នា។ លោក Stefan Balasoiu ដែលជាអ្នកឌីហ្សាញផ្នែករូបភាព (Visual Designer) បានពន្យល់ថា៖ «នៅពេលចាប់ផ្តើម វាអាចជាមិត្តភក្តិ ឬសហការីដែលមានចំណង់ចំណូលចិត្តដូចអ្នក ជាមនុស្សដែលអ្នកអាចពឹងពាក់ដើម្បីសុំមតិកែលម្អ ឬគ្រាន់តែជាសំណួរទូទៅ»។ ការភ្ជាប់ទំនាក់ទំនងមិនផ្លូវការ អាចផ្តល់នូវការយល់ដឹង និងការគាំទ្រដ៏មានតម្លៃ ដែលជួយឱ្យអ្នករីកចម្រើន និងអភិវឌ្ឍជំនាញរបស់អ្នកនៅក្នុងបរិយាកាសដែលកាត់បន្ថយភាពតានតឹង។

បន្ថែមពីនេះ ជាមួយបណ្តាញសង្គម និងបណ្តាញដូចជា Behance រនាំងភូមិសាស្ត្រលែងជាឧបសគ្គទៀតហើយ។ អ្នកអាចទាក់ទងទៅកាន់អ្នកតម្រង់ទិសដែលនៅជុំវិញពិភពលោក និងបង្កើតទំនាក់ទំនងតាមប្រព័ន្ធនិម្មិត (Virtual) បានយ៉ាងងាយស្រួល។

ការតម្រង់ទិសអាចមានរយៈពេលខ្លី ឬវែង

ទោះបីជាការតម្រង់ទិសរយៈពេលវែងអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើនក៏ដោយ កុំទាន់អាក់អន់ចិត្តប្រសិនបើការតម្រង់ទិសមិនបានអភិវឌ្ឍទៅជាទំនាក់ទំនងយូរអង្វែង។ អ្នកនាង Teti បានកត់សម្គាល់ថា៖ «កុំមើលស្រាលតម្លៃនៃការទាក់ទងគ្នារយៈពេលខ្លី — វាអាចមានឥទ្ធិពលយ៉ាងខ្លាំងក្លា»។

ក្នុងនាមជាអ្នកទទួលការតម្រង់ទិស អ្នកនាង Teti បានផ្តួចផ្តើមទាក់ទងទៅកាន់អ្នកជំនាញក្នុងវិស័យរបស់នាងដោយផ្ទាល់ នៅពេលនាងត្រូវការការណែនាំ។ នាងបានរំឭកថា៖ «ទំនាក់ទំនងមួយចំនួនបានអភិវឌ្ឍទៅជាទំនាក់ទំនងយូរអង្វែង ខណៈពេលដែលទំនាក់ទំនងផ្សេងទៀតមានរយៈពេលខ្លី និងសាមញ្ញ។ ការតម្រង់ទិសមួយចំនួនប្រហែលជាមិនមានប្រសិទ្ធភាពដូចអ្វីដែលខ្ញុំបានស្រមៃនោះទេ ប៉ុន្តែវានៅតែផ្តល់ឱ្យខ្ញុំនូវការយល់ដឹងខ្លះៗសម្រាប់ជំហានបន្ទាប់របស់ខ្ញុំ»។ «ខ្ញុំជឿជាក់ថា ខ្ញុំនឹងមិនមកដល់ចំណុចដូចសព្វថ្ងៃនេះទេ ប្រសិនបើគ្មានការជួបប្រជុំទាំងអស់នោះ ហើយខ្ញុំពិតជាដឹងគុណយ៉ាងខ្លាំងចំពោះទំនាក់ទំនងនីមួយៗ»។

ការតម្រង់ទិសផ្តល់នូវការគាំទ្រផ្លូវចិត្ត

ការធ្វើជាអ្នកបង្កើតថ្មី មិនមែនត្រឹមតែជាការសម្រួចជំនាញបច្ចេកទេសរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការជម្នះបញ្ហាប្រឈមផ្លូវចិត្ត ដូចជាការសង្ស័យលើសមត្ថភាពខ្លួនឯង និងការទ័លគំនិតច្នៃប្រឌិត (Creative block) ផងដែរ។ អ្នកតម្រង់ទិសផ្តល់នូវការគាំទ្រដ៏សំខាន់ក្នុងអំឡុងពេលដ៏លំបាកទាំងនេះ។

លោក David បានសង្កត់ធ្ងន់ថា៖ «អ្នកតម្រង់ទិសអាចលើកទឹកចិត្តអ្នក និងជួយអ្នកឱ្យជម្នះវិបត្តិដែលមិនអាចជៀសបាន ដែលបុគ្គលម្នាក់ៗត្រូវជួបប្រទះនៅលើផ្លូវសិល្បៈពិតប្រាកដ»។ អ្នកតម្រង់ទិសដែលយល់ពីអារម្មណ៍ឡើងចុះនៃដំណើរការច្នៃប្រឌិត អាចផ្តល់នូវភាពកក់ក្តៅ និងទំនុកចិត្តយ៉ាងខ្លាំង។ មិនថានៅពេលជួយអ្នកឱ្យឆ្លងផុតដំណាក់កាលទ័លគំនិត ឬការផ្តល់នូវទស្សនវិស័យថ្មីនោះទេ អ្នកតម្រង់ទិសតែងតែនៅទីនោះដើម្បីរំឭកអ្នកពីសក្តានុពលរបស់អ្នក នៅពេលដែលការសង្ស័យលើខ្លួនឯងចាប់ផ្តើមចូលមកបំពាន។

ការតម្រង់ទិសគឺជាផ្លូវពីរទិស (ការផ្តល់ឱ្យ និងការទទួល)

ការតម្រង់ទិសផ្តល់ផលប្រយោជន៍ដល់ទាំងអ្នកតម្រង់ទិស និងអ្នកទទួលការតម្រង់ទិស។ សម្រាប់លោក Stefan ការធ្វើជាអ្នកតម្រង់ទិសផ្តល់នូវគំនិតច្នៃប្រឌិត និងការរីកចម្រើនផ្នែកសិល្បៈ៖ «ខ្ញុំទទួលបានគំនិតច្នៃប្រឌិតជាបន្តបន្ទាប់ពីស្នាដៃរបស់អ្នកឌីហ្សាញដែលខ្ញុំបានសហការជាមួយ ពីផ្នត់គំនិតរបស់អតិថិជនខ្ញុំ និងពីចំណង់ចំណូលចិត្តរបស់សិស្សដែលខ្ញុំបានជួយណែនាំ។ ជួនកាល សិស្សទាំងនោះបានក្លាយជាអ្នកសហការ ហើយបណ្តាញទំនាក់ទំនងរបស់អ្នកនៅតែបន្តរីកធំធាត់»។

អ្នកនាង Teti បានបន្ថែមថា៖ «អ្វីដែលខ្ញុំយល់ថារង្វាន់ដ៏មានតម្លៃបំផុត គឺរបៀបដែលការតម្រង់ទិសបានរីករាលដាលហួសពីវង់ទំនាក់ទំនងផ្ទាល់ខ្លួនរបស់ខ្ញុំ ជាពិសេសជាមួយភាពងាយស្រួលនៃការភ្ជាប់ទំនាក់ទំនងតាមអនឡាញ»។ «ការបានស្គាល់មនុស្សថ្មីៗ ដែលជាញឹកញាប់មានទេពកោសល្យខ្ពស់ និងបើកចិត្តទូលាយក្នុងសមត្ថភាពរបស់ពួកគេ ខណៈពេលដែលបានជួយពួកគេឱ្យស្វែងរកទំនុកចិត្ត និងណែនាំពួកគេឆ្លងកាត់បញ្ហាប្រឈមក្នុងដំណើរច្នៃប្រឌិតរបស់ពួកគេ គឺធ្វើឱ្យខ្ញុំមានភព្វសំណាង និងសប្បាយចិត្តយ៉ាងពិតប្រាកដ»។

ស្វែងរកអ្នកតម្រង់ទិសផ្នែកសិល្បៈនៅលើ Behance

ប្រសិនបើអ្នកមានអារម្មណ៍ថាកំពុងទាល់គំនិត ឬត្រៀមខ្លួនរួចរាល់ក្នុងការនាំយកអាជីពរបស់អ្នកទៅកាន់កម្រិតបន្ទាប់ Behance គឺជាកន្លែងដ៏ល្អបំផុតក្នុងការស្វែងរកអ្នកតម្រង់ទិសផ្នែកសិល្បៈ។ លោក Stefan បាននិយាយថា៖ «ប្រភពដ៏ធំបំផុតនៃគំនិតច្នៃប្រឌិតផ្នែកសិល្បៈដោយគ្មានការសង្ស័យ គឺសហគមន៍ Behance ដែលខ្ញុំបានរៀនសូត្រយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ការស្ថិតនៅក្នុងសហគមន៍នៃមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នា គឺមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសិល្បៈរបស់អ្នក»។

ស្វែងរកតាមរយៈវិស័យច្នៃប្រឌិត ឬទីតាំង ដើម្បីមើលសិល្បករដែលផលប័ត្រស្នាដៃរបស់ពួកគេទាក់ទាញចិត្តអ្នក ឬស្វែងរកអ្នកធ្វើការឯករាជ្យដែលផ្តល់សេវាកម្មតម្រង់ទិស។ ដូចដែលលោក Stefan បានណែនាំ៖ «ចាត់ទុកការបើកចិត្តឱ្យទូលាយ និងបង្កើតទំនាក់ទំនង ហើយសុំមតិកែលម្អពីមនុស្សដែលអ្នកគោរពប្រតិបត្តិ»។
______________
អត្ថបទ Behance

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។