ខ្ញុំបង្កើតកន្លែងនេះឡើងដើម្បីកត់ត្រា និងចែករំលែកនូវអ្វីដែលខ្ញុំចាប់អារម្មណ៍ និងចូលចិត្តផ្ទាល់ខ្លួន ដូចជា៖ ការរចនា, ពុម្ពអក្សរខ្មែរ, ការធ្វើម្ហូប, បច្ចេកវិទ្យា និងចំណេះដឹងទូទៅផ្សេងៗ។ ការកត់ត្រានេះជាកូនសៀវភៅ online របស់ខ្ញុំ ក្នុងការចូលទៅមើលអ្វីដែលខ្ញុំចូលចិត្តឲ្យបានលឿនសម្រាប់ការសិក្សា និងធ្វើការរបស់ខ្ញុំ ខ្ញុំមិនមែនយករបស់គេមកបង្ហោះបន្តរកលុយអ្វីទេ។ ក្នុងនេះមាន អត្ថបទ រូបភាព វីដេអូ ជារបស់អ្នកដទៃដែលពួកគាត់/គេបានបង្កើត និង មួយផ្នែកទៀតជា អត្ថបទ រូបភាព វីដេអូខ្លះទៀត ជាអ្វីដែលខ្ញុំ សរសេរ ថត ដោយខ្លួនឯង ក្នុងន័យផ្ទាល់ខ្លួន និងផ្សាយជាសារធារណៈ។
ការសរសេរប្លុកជាទម្លាប់មួយដែលខ្ញុំស្រឡាញ់តាំងពីយូរមកហើយ តាំងពីសម័យដែលប្លុកចាប់ផ្តើមពេញនិយម វាបានក្លាយជាចំណូលចិត្តមួយដែលពិបាកនឹងបោះបង់។ ពេលខ្លះការសរសេរប្លុកធ្វើឲ្យខាតពេល តែពេលខ្លះវាមានប្រយោជន៍ក្នុងការចូលមកមើលអ្វីៗដែលយើងបានកត់ត្រា លឿន ងាយស្រួល ជាងទៅមើលតាមប្រភពផ្សេងៗដែលទៅទីតាំងខុសគ្នា។
ការផ្លាស់ប្ដូរមកប្រើឈ្មោះ "Samnang" សម្រាប់ពុម្ពអក្សរ
ក្រៅពីការកត់ត្រាផ្ទាល់ខ្លួន ប្លុកនេះក៏ជាកន្លែងដែលខ្ញុំប្រើសម្រាប់ណែនាំ និងលក់ពុម្ពអក្សរខ្មែរដែលខ្ញុំបានបង្កើតផងដែរ។
លោកអ្នកប្រហែលជាធ្លាប់ស្គាល់ពុម្ពអក្សរក្រោមឈ្មោះ "AKbalthom"។ ដោយសារបញ្ហាប្រឈមមួយចំនួននាពេលកន្លងមក ទាក់ទងនឹងបច្ចេកទេស ការគ្រប់គ្រងការលក់ និងជាពិសេសបញ្ហាការលួចចម្លង និងចែកចាយបន្តដោយគ្មានការអនុញ្ញាត (ដែលមួយផ្នែកបណ្ដាលមកពីការកត់ត្រាព័ត៌មានអ្នកទិញពីដំបូងមិនបានច្បាស់លាស់), ខ្ញុំបានសម្រេចចិត្តផ្អាកគម្រោងពុម្ពអក្សរ AKbalthom ហើយចាប់ផ្ដើមជាថ្មីជាមួយក្រុមពុម្ពអក្សរដែលមានឈ្មោះថា "Samnang"។
បច្ចុប្បន្ន ក្រុមពុម្ពអក្សរ Samnang ភាគច្រើនជាពុម្ពដែលត្រូវបានកែសម្រួល ជួសជុលកំហុស និងប្ដូរឈ្មោះពីពុម្ពចាស់ៗមួយចំនួន ដើម្បីធានាគុណភាព និងរៀបចំសម្រាប់ការផ្ដល់ជូនជាថ្មី។ លោកអ្នកអាចស្វែងរកព័ត៌មានលម្អិត និងមើលគំរូពុម្ពនីមួយៗតាមរយៈម៉ឺនុយ (Menu) នៅលើប្លុកនេះ។
អំពីអត្ថបទផ្សេងៗទៀតក្នុងប្លុកនេះ
ចំណែកអត្ថបទផ្សេងៗទៀតដែលលោកអ្នកអាចនឹងឃើញនៅទីនេះ ភាគច្រើនជាកំណត់ត្រាផ្ទាល់ខ្លួនរបស់ខ្ញុំ ដូចជាអ្វីដែលខ្ញុំរៀនសូត្រថ្មី ឬចង់រក្សាទុកសម្រាប់ថ្ងៃក្រោយ (រួមទាំងទុកឲ្យក្មួយៗមើលផងដែរ)។ វាអាចមានទាំងអ្វីដែលខ្ញុំសរសេរដោយខ្លួនឯងផ្ទាល់ និងខ្លឹមសារដែលខ្ញុំដកស្រង់ ឬប្រមូលពីប្រភពផ្សេងៗតាមចំណូលចិត្ត។ ខ្ញុំជឿលើការចែករំលែកចំណេះដឹង ដូច្នេះទោះជាកំណត់ត្រាផ្ទាល់ខ្លួនក៏ដោយ ក៏ខ្ញុំទុកវាជាសាធារណៈ ដើម្បីអ្នកដទៃអាចចូលមើល និងទាញយកប្រយោជន៍បានប្រសិនបើមាន។
អំពីខ្ញុំបន្តិច
ខ្ញុំឈ្មោះ សំណាង រស់នៅបន្ទប់ជួល រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ខ្ញុំស្រឡាញ់ការរចនាពុម្ពអក្សរខ្មែរ ប៉ុន្តែដោយមិនដឹងថាត្រូវរៀនពីកន្លែងណា ខ្ញុំក៏ចាប់ផ្ដើមសិក្សាស្រាវជ្រាវដោយខ្លួនឯងអំពីរបៀបប្រើប្រាស់កម្មវិធីដែលអាចបង្កើតពុម្ពអក្សរខ្មែរបាន។ ខ្ញុំអាចបង្កើត និងកែសម្រួលពុម្ពអក្សរខ្មែរសម្រាប់ការងារ និងគម្រោងផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។
បច្ចុប្បន្ន ខ្ញុំធ្វើការជា អ្នករចនាផ្នែកចលនា (Motion Designer) នៅក្រុមហ៊ុនតូចមួយក្នុងរាជធានីភ្នំពេញ។ ខ្ញុំក៏មានជំនាញក្នុងការប្រើប្រាស់កាមេរ៉ាសម្រាប់ថតរូបផលិតផល រចនាផ្ទាំងផ្សព្វផ្សាយ (Poster) ដោយផ្ដោតសំខាន់លើការធ្វើ Motion Poster, ការថតវីដេអូ និងកាត់តវីដេអូ។ នៅពេលអនាគត ខ្ញុំមានបំណងចង់ក្លាយជាអ្នកដឹកនាំ (Director) និងជាគ្រូបង្រៀនផ្នែក Motion Design និង Visual Effects (VFX) សម្រាប់វីដេអូពាណិជ្ជកម្ម។

No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។