Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

សុភាសិត​ខ្មែរ Khmer Proverb

Jul19,2024

សុភាសិត​ខ្មែរ ជា​ឃ្លា​​​ខ្លី​ៗ តែ​មាន​អត្ថន័យ​​ជ្រៅជ្រះ ជា​ឱវាទ​ល្អៗ​​ដែល​មាន​ប្រយោជន៍​គួរ​រៀន​គួរ​ស្តាប់។​ ទំព័រ​នេះ​គឺ​ជា​កម្រង​ប្រមូល​ផ្តុំ​សុភាសិត​ខ្មែរ ដក​ស្រង់​ចេញ​ពី​សៀវភៅ​ប្រមូល​ភាសិត​ខ្មែរ​ ផ្សាយ​ចេញ​ពី​សមាគម​សម្តេច​ ជួន ណាត​។

  • ក្រ​អ្វី​ក្រ​ចុះ កុំ​ឲ្យ​តែ​ក្រ​គំនិត។
  • ក្រមុំ​ដណ្ដឹង​ម្ដាយ​ មេម៉ាយ​ដណ្ដឹង​ចិត្ត។
  • ក្រពើវង្វេងបឹង។
  • កាត់​ទឹក​មិន​ដាច់ កាត់​សាច់​វា​ឈឺ។
  • កាប់​បំពង់ ​រង់ចាំ​ទឹកភ្លៀង។
  • ការ​ប៉ុន​ភ្នំ​មិន​គិត ​ទៅ​គិត​ឯ​ស្គរ​បែក​មាត់។
  • ការ​លំបាក​ត្រូវ​គិត​ឲ្យ​ធូរ ការ​យូរ​ត្រូវ​គិត​ឲ្យ​ឆាប់ ។
  • ការ​មិន​បៀតបៀន​គ្នា ជា​ប្រភព​នៃ​សន្តិសុខ​ក្នុង​​ផ្ទៃ​លោក។ (ព្រះ​ធម្មវរោត្តម តុង​ ឈួន)
  • ការ​អប់រំ គឺ​ជា​ការ​ហ្វឹកហ្វឺន​នូវ​សក្តានុភាព​ ដែល​ជា​គ្រឿង​ពង្រីក​បណ្ដុះ ឬ បង្កើន​ចំណេះវិជ្ជា។
  • ការ​យល់ដឹង​តែ​មួយ​ដង អាច​ធ្វើ​ឲ្យ​ជីវិត​ទាំងមូល​មានន័យ។
  • ការ​ធ្វើ​វិនិយោគ​ចំណេះដឹង​តែង​នាំ​មក​នូវ​ផល​ប្រយោជន៍​ដ៏​ប្រសើរ​បំផុត។
  • កោកៗ​សឹក​តែ​មាត់ ត្រដោក​ឆ្អែត​តែ​ពោះ​ក្របី។
  • កោរមិនដាក់ទឹក។
  • ក្ដៅ​ថ្ងៃ​មិន​ស្មើ​ក្ដៅ​ចិត្ត។
  • ក្ដៅ​ស៊ី​រាក់​ ត្រជាក់​ស៊ី​ជ្រៅ។
  • កំភ្លាញ​ស្លាប់​ព្រោះ​មាត់ ​ខ្វែក​ស្លាប់​ព្រោះ​អាចម៍។
  • កំហុស​រមែង​មាន​ដល់​អ្នក​ធ្វើ អ្នក​នៅ​ឥត​អំពើ​បាន​អ្វី​នឹង​ខុស។
  • កុំ​ខ្វើក​តាម​ខ្យល់ កុំ​ខ្វល់​តាម​រលក។
  • កុំ​គូរ​មុន​គិត។
  • កុំ​ជិះ​ចង្អេរ​លើក​ខ្លួន​ឯង​ ក្បាល​ទូល​កញ្ច្រែង​កុំ​ក្អេងក្អាង​ កុំ​ដេក​ទទូរ​ចាំ​សំណាង​ កុំ​អាង​ព្រះ​ប្រោស​ត្រូវតែ​ប្រឹង។
  • កុំ​ឈ្លោះ​នឹង​ស្រី​ កុំ​ក្ដី​នឹង​គ្នា​ឯង។
  • កុំ​ដេក​ផ្សងព្រេង កុំ​វង្វេង​ខុស​ផ្លូវ។
  • កុំ​ដេក​ចាំ​ស្លាប់​ អង្គុយ​ចាំ​មាន​ ខ្មាស​ល្ងង់​ទើប​ចេះ ខ្មាស​ក្រ​ទើប​មាន ដឹង​ខ្លួន​ថា​ល្ងង់ គង់​បានជា​ប្រាជ្ញ កុំ​ស្លាប់​មុន​រស់ រស់​ហើយ​សឹម​ស្លាប់ ចូរ​សេព​អ្នកប្រាជ្ញ កុំ​ត្រាប់​មនុស្ស​ពាល។ (ព្រះ​គ្រូ​ធម្ម​បណ្ឌិត​ គង់ ស៊ឹម)
  • កុំ​ដាំ​ស្រូវ​នៅ​ផ្លូវ​ដំរី។
  • កុំ​ទុក​ចិត្ត​មេឃ​ កុំ​ទុក​ចិត្ត​ផ្កាយ កុំ​ទុកចិត្ត​ប្រពន្ធ​ថា​គ្មាន​សហាយ​ កុំ​ទុកចិត្ត​ម្ដាយ​ថា​គ្មាន​បំណុល។
  • កុំ​ទុំ​មុន​ស្រគាល។
  • កុំ​ផ្ទុក​តាម​ទូកថ្វែ។
  • កុំ​ពត់​ស្រឡៅ​ កុំ​ប្រដៅ​ស្រីខូច។
  • កុំ​ពាក់​មុខ​យក្ស ​ កុំ​ពាក់​ស្បែក​ខ្លា។
  • កុំ​ពូត​ផ្សែង​ជា​ដុំ ​ កុំ​យក​ភ្នំ​ទ្រាប់​អង្គុយ។
  • កុំ​យក​ស្រឡៅ​ធ្វើ​ខ្នួច ​កុំ​សម្រួច​ឈើ​ពុក។
  • កុំ​រា​មុខ​ដឹង ​កុំ​ទទឹង​មុខ​សឹក។
  • កុំ​​រៀន​នៅ​ទំនេរ​ខាត​ការ​កម្ម កុំ​រៀន​បណ្ដាក់​ចាំ​ជា​ពេល​ក្រោយ​ កុំ​រៀន​ប្រហែស​មើល​ងាយ​នាំ​ធ្លោយ​ កុំ​រៀន​មិន​ឲ្យ​ទាន​ស្មូម​យាចក។
  • កុំ​អាង​ថា បើ​មាន​មិន​បាច់​ខំ​ បើ​រលំ​មិន​បាច់​ច្រាន។
  • កុំ​ឲ្យ​ប្រព្រឹត្ត​ទុច្ចរិត ដោយ​ការ​គប់​មិត្រ​លប​ចង​ពន្ធ​ លួច​លាក់​មាន​ស្រី​សហាយស្មន់ ក្បត់​ចិត្ត​ប្រពន្ធ​ឲ្យ​មួរ​ហ្មង។

  • គេ​ខុស​កុំ​អាល​អរ គេ​សាទរ​កុំ​អាល​អួត ។
  • គិត​មុន​គូរ
  • គ្មាន​កម្លាំង​ គ្មាន​បញ្ញា គ្មាន​អាហារ​ គ្មាន​ជីវិត។
  • គ្មាន​ពូជ គ្មាន​កំណើត
  • គ្នា​តិច​អន្សម​ខ្លោច ​គ្នា​ដូច​ស្រមោច​អន្សម​ឆៅ។
  • គុក​និង​សោ គឺ​ចោរ​បង្កើត​ឱសថ​ល្អ​ឆើត​កើត​ពី​រោគ ដំណក​កើត​ពី​ការ​ងុយ​ងោក មនុស្ស​ក្នុង​លោក​កើត​ពី​កម្ម។
  • គ្រូកាចសិស្សខូច។
  • គ្រូទាយ ម្តាយ​ថា។
  • គួរ​គិត​ជីវិត​ពុំ​ទៀង​ទាត់​ តែង​តែ​បែរ​បត់​កាន់​ក្តី​ស្លាប់ ពុំ​ដែល​បាន​ស្រួល​ប្រែ​ប្រួល​ឆាប់ ក្រឡាប់​ស្ងាត់​សូន្យ​ចា។
  • គោ​ដំបៅ​ខ្នង​ ក្អែក​ហើរ​រំលង​ រំសាយកន្ទុយ។

  • ឃាត់​កំហឹង​ដោយ​ប្រឹង​អត់​ឲ្យ​បាន​ ឃាត់​ពាល​សាមាន្យ​ដោយ​អាជ្ញា​បុគ្គល​ ឃាត់​ចិត្ត​ចាក​ទោសា ប្រសើរ​ថ្លៃ​ថ្លា​ក្នុង​លោកិយ។
  • ឃាត់​ចិត្ត​ចាក​ក្តី​ស្នេហា ក្នុង​កាមតណ្ហា​នា​លោកិយ ដូច​យក​អំបោះ​ចង​ដំរី​ ពិបាក​ពេក​ក្រៃ​គួរ​វៀរ​មុន។
  • ឃ្លាត​កាយ ណាយចិត្ត។
  • ឃ្លាន​ឆ្ងាញ់ ស្រលាញ់​ល្អ។
  • ឃុបឃិត​ជន​ពាល ​រាល​ទុក្ខ​ដល់​ខ្លួន។
  • ឃុបឃិត​បណ្ឌិត​ សុខ​មួយ​ជីវិត​ឥត​ទុក្ខា​។
  • ឃើញ​ខ្លា​ដេក​ថា​ខ្លា​ស្លាប់ ឃើញ​ខ្លា​ក្រាប​ថា​ខ្លា​សំពះ។
  • ឃើញ​គេ​ទៅ​កុំ​ឲ្យ​ខាន ឃើញ​គេ​បាន​កុំ​ឲ្យ​ទៅ។
  • ឃើញ​ឈើ​ពុក​ កុំ​អាល​ដាក់​គូទ​អង្គុយ (ឬ កុំ​អាល​ដាក់​គូទ​លើ)។
  • ឃើញ​ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី (ឬ ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី)។
  • ឃើញ​ថ្លុក​ថា​ជា​ថ្នល់ ក្រែង​កំហល់​កំហុស​មាន។
  • ឃើញ​ពី​នាយ​កុំ​អាល​ទាយ​អាក្រក់​ល្អ លុះ​ឃើញ​ជាក់ជា​ខ្មៅ​ស ទើប​ថា​បាន​ បើ​បណ្តោយ​តាម​គំនិត​ដែល​គិត​ស្មាន​ នឹង​រំខាន​ព្រោះ​ការ​ខុស​កំហុស​ខ្លួន។
  • ឃើញ​សម្បក​ថា​ខ្លឹម​រុក្ខា​ យល់​ពួក​បច្ចា​ថា​ជា​មិត្រ​ ពាល​ប្រឡំ​ថា​បណ្ឌិត​ ច្រឡំ​លាមក​ពិត​ថា​បុប្ផា។
  • ឃ្លាន​កុំអាល​ស៊ី ងងុយ​កុំ​អាល​ដេក​ យប់​កុំ​អាល​និយាយ​ជាមួយ​ស្រី​។
  • ឃ្លាន​ក្រៃ​ណា​ឆ្ងាញ់​ ស្រឡាញ់​ក្រៃ​ណា​ល្អ (ឬ ពិសា​ក្រៃ​ណា​នឹង​ឃ្លាន អាក្រក់​ប៉ុន្មាន​ក្រៃ​ណា​នឹង​ចិត្ត)។
  • ឃ្លេ​មិន​ខ្លាច​ ទៅ​ខ្លាចខ្លា។ (រឿង​អា​ខ្វាក់​អា​ខ្វិន)
  • ឃ្លោក​លិច​ អំបែង​អណ្ដែត។
  • ឃ្វាលក្របី​ជិះ​ក្របី ឃ្វាលគោ​ជិះ​គោ។
  • ឃ្វាល​ចិត្ត​លំបាក​ពេក​ពិត​ ដូច​ឃ្វាល​ពពក។
  • ឃ្វាលគោ​ក្របី​ដោយ​អាជ្ញា ឃ្វាល​ចិត្តល្អ​ជា​ដោយ​អំណត់។
  • ឃ្វាល​ចិត្ត​ឥត​កំណាញ់​ ដោយ​លះ​បង់​កុំ​ប្រណី។
  • ឃ្វាល​នគរ​ដោយ​ពលរដ្ឋ​ប្រុសស្រី រួម​សាមគ្គី​តាម​រដ្ឋ​បុរស​ជាតិ។

  • ងប់​នឹង​កូន​ប្រពន្ធ​ទ្រព្យ ​ ព្រះ​ថា​អភ័ព្វ​ព្រោះ​ជាប់​ចំណង។
  • ងប់​នឹង​ញាតិ​ ឃ្លាត​ច្បាប់។
  • ងប់​នឹង​មាស​ប្រាក់ ​ខូច​យស​សក្តា។
  • ងប់​នឹង​ប្រុស​ ខូច​ព្រហ្មចារី។
  • ងប់​នឹង​ប្រុស ខូច​ឈ្មោះ​មួយជាតិ។
  • ងប់​នឹង​ស្រី ​ចំណី​ទុក្ខ។
  • ងប់​នឹង​ល្បែង ​តែង​ហិនហោច។
  • ងប់​នឹង​ល្បែង តែង​វិនាស។
  • ងប់​នឹង​ស្រា​ ខូច​ស្មារតី។
  • ងប់​នឹង​ពាក្យ​សរសើរ ​គេ​ថា​ភ្លើ។
  • ងប់​នឹង​ពាក្យ​បង្អាប់ ស្លាប់​គំនិត។
  • ងប់​នឹង​ស័កិ្តយស​ ស្អុយ​ទាំង​អស់​ក្នុង​លោកិយ។
  • ងប់​នឹង​ជំនឿ​ រឿ​គំនិត។
  • ងាប់​ដើម្បី​ជាតិ​មាតុភូមិ ទេវតា​ឥន្ទ្រ​ព្រហ្ម​ចោម​ឲ្យ​ពរ។
  • ងាប់​ខ្លួន សមសួន​ជាង​ងាប់​កេរ្តិ៍​ឈ្មោះ។
  • ងាប់​គំនិត ងងឹត​ដល់ស្លាប់។
  • ងាប់​ទាំង​រស់ ស្អុយ​ទាំង​ស្រស់។
  • ងាប់​ដៃ​ជើង​ ថ្កើង​ជាង​ងាប់​ពាក្យ​សម្តី។
  • ងាប់​នឹង​ស្រី​ ចង្រៃ​មួយ​ជាតិ។
  • ងាប់​នឹង​សំដី ដូច​ត្រី​កំភ្លាញ។
  • ងាប់​នឹង​អាចម៍​ឯង​ ជាក់​ស្តែង​ដូច​ខ្វែក។
  • ងាប់​ព្រោះ​គំនិត ​ ដូច​កាំ​បិត​ចិត​ដង​ឯង។
  • ងាប់​ជាតិ​ ព្រោះ​ឃ្លាត​សាមគ្គី។
  • ងាប់​នយោបាយ​ ព្រោះ​ស្តាយ​លាភ។
  • ងាប់​ស្តួក​ ដូច​ឃ្លោក​ទុំ។
  • ងាយ​មិន​ក្រៃ​ណា​នឹង​បាន​ មាន​មិន​ក្រៃ​ណា​នឹង​អ្នក​បាន​សុខ​ ចេះ​ក្តី​មិន​ក្រៃ​ណា​នឹង​ម្ចាស់​ស្រុក។
  • ងើយ (ឬ ងើប)​ ស្កក​ ឱនដាក់គ្រាប់។

  • ចង់​ធំ​ខំ​ពី​តូច បើ​ខ្លាច​ខូច​កុំ​ឆាប់​ខឹង ការ​អ្វី​ឲ្យ​ចេះ​ថ្លឹង កុំ​ប្រឹង​ជុះ​តាម​ដំរី ។
  • ចង់​ប្រាជ្ញ​ឲ្យ​ខំប្រឹង ចង​ក្បិន​តឹង​រក​ស៊ី​ធូរ គំនិត​មុន​គំនូរ រៀន​ធ្វើ​គ្រូ​មាន​គេ​រាប់ ។
  • ចង់​ឲ្យ​មាន​ជួញ​អង្ករ​ចង់​ឲ្យ​ក្រ​ជួញ​ឡាន។
  • ចង់​ចេះ​ឲ្យ​ធ្វើ​ល្ងង់។
  • ចង់​ស្រួច​ដូច​បន្លា ត្រូវ​ឧស្សាហ៍​ដុស​ដែក​ដុល។
  • ច្របាច់​ក​ចិន លៀន​អណ្តាត​ខ្មែរ។
  • ចម្ងល់​គឺ​ជា​បិតា​នៃ​ការ​ច្នៃ​ប្រតិដ្ឋ។
  • ចម្ងល់​គឺ​ជា​ការ​ចាប់ផ្តើម​មិន​មែន​ជា​ចុង​បញ្ចប់​នៃ​បញ្ញា​ទេ។
  • ចង្អៀត​ផ្ទះ​នៅ​បាន ចង្អៀត​ចិត្ត​នៅ​ពុំ​បាន។
  • ចាក់អង្ករយកអង្កាម។
  • ចាន​មួយ​រាវ លែង​អី​រណ្ដំ​គ្នា។
  • ចាញ់​ចត្រង្គ​អស់​ប្រាជ្ញា ចាញ់​តណ្ហា​អស់​កុសល។
  • ចាញ់​បាន​ជា​ព្រះ ឈ្នះ​បាន​ជា​មារ។
  • ចាប់​ក្ដាម​ដាក់​ចង្អេរ។
  • ចាប់​នេះ​ចាប់​នោះ មិន​ឆ្ពោះ​ត្រង់​ណា។
  • ចាប់​ច្រវា​ក្រាក សំឡឹង​ជ្រោយ។
  • ចាប់​ត្រី​បាន កុំ​ឲ្យ​ល្អក់​ទឹក។
  • ចាប់​ត្រី​ដៃ​ពីរ​តម្រា​ហាម ចាក់​អង្ករ​យក​អង្កាម​ហាម​មិន​ឈ្នះ អុំ​ទូក​ឡើង​ភ្នំ​ខំ​មានៈ បង់​ព្រះ​ទៅ​សំពះ​ឯ​បាយាប (អារក្ស)។
  • ចាប់​វល្លិ​មួយ រញ្ជួយ​រាល់​ដើម។
  • ចាស់​អាង​ស្លាប់ ពាល​អាង​កាប់ កេ្មង​អាង​យំ។
  • ចិត្ត​ដាច់​នៅ​ស្រី ។
  • ចិត្តល្អ ក្រ​ខ្លួន។
  • ចិត្តល្អ ក្រ​មិន​យូរ។
  • ចិត្ត​ជា​ទេវទត្ត មាត់​ជា​ទេវតា។
  • ចិញ្ចឹម​កូន​ខ្លា វា​សង​គុណ។
  • ចិញ្ចឹម​មនុស្ស​ខូច ដូច​ចិញ្ចឹម​ខ្លា។
  • ចូល​ព្រៃ​សត្វ​សាហាវ រក​អំពាវ​គ្នា​មក​ជុំ ដល់​បាន​ស្ករ​​និង​ទឹកឃ្មុំ ពួន​សម្ងំ​ឆី​ម្នាក់ឯង ។
  • ចូល​ព្រៃ​ទាន់​ព្រឹក ​ចង់​សឹក​ទាន់​ក្មេង។
  • ចូល​ស្ទឹង​តាម​បទ ​ចូល​ស្រុក​តាម​ប្រទេស។
  • ចូរ​មើល​កាល​វែង កុំ​មើល​កាល​ខ្លី។
  • ចូរ​សេព​អ្នកប្រាជ្ញ កុំ​ត្រាប់​មនុស្ស​ពាល។
  • ចេះ​ច្បាប់​មិន​ខ្លាច​ក្ដី ចេះ​វិន័យ​មិន​ខ្លាច​សង្ឃ ។
  • ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ។
  • ចេះ​ឯង ឲ្យ​ក្រែង​ចេះ​គេ។
  • ចេះ​មិន​ដែល​ចាញ់ ។
  • ចេះ​ពី​រៀន មាន​ពី​រក ក្រ​ពី​ខ្ជិល។
  • ចេះ​មក​ពីរៀន​ មាន​មក​ពី​រក។
  • ចោល​សាច់​ស្រវា​ឆ្អឹង ទំពារ​ទៅ​រឹង​រាវ​រក​សាច់ ។
  • ចំណេះ​បាន​ពី​រៀន មាន​បាន​មក​ពី​រក។
  • ចំណេះ​ជិះ​ក​ឯង ។
  • ចំណេះវិជ្ជា​លោក​ចែង​ចាត់ ទុក​ជា​សម្បត្តិ​សម្បូរ​បាន ទោះបី​ក្រខ្សត់​អត់​ប៉ុន្មាន គង់​តែ​បាន​គ្រាន់​អាស្រ័យ ។
  • ចំណី​ឆ្ងាញ់​កុំ​ទុក​ចាំ​ស្អែក ប្រពន្ធ​គាប់​ភ្នែក​កុំ​ឲ្យ​ដើរ​ក្រោយ ។
  • ចំណី​ច្រើន​មុខ​ច្រើន​ពិសា កូន​ច្រើន​បា​ច្រើន​ល្អ ។
  • ចំពប់ជើង​គង់​បាក់ ចំពប់​មាត់​បង់​ប្រាក់។
  • ចុះ​ទឹក​ក្រពើ ឡើង​លើ​ខ្លា។

  • ឆ្មា​មិន​នៅ កណ្តុរ​ឡើង​រាជ្យ។
  • ឆ្ងាយ​កាយ ណាយចិត្ត។
  • ឆ្ងាញ់​មាត់​មិន​ស្អិត ដូច​ចិត្ត​ឆ្ងាញ់។
  • ឆ្អិន​គំនិត​ពិត​ជា​ឆ្អិន​គ្រប់​យ៉ាង​ឆ្អិន ព្រេងសំណាង​ផុត​ទុក្ខា។
  • ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ។
  • ឆ្កែ​ខាំ​ឲ្យ​រក​ម្ចាស់ គោ​ឆ្កឹះ​ឲ្យ​រក​នាយ។
  • ឆ្កែខាំ​កុំ​ខាំ​ឆ្កែ​វិញ។
  • ឆ្កែ​ទាល់​ច្រក រលក​ទាល់​ច្រាំង។
  • ឆ្កែ​ព្រូស​មិន​ដែល​ខាំ ផ្គរ​លាន់​រអា​មិន​ដែល​ភ្លៀង។
  • ឆ្កែ​ខាំ​ឲ្យ​រក​ម្ចាស់ គោ​ឆ្កឹះ​ឲ្យ​រក​នាយ ។
  • ឆ្នាំង​ណា​គ្រប​នឹង។
  • ឆ្លុះកញ្ចក់ ធ្មេច​នេត្រា។

  • ជក់​នឹង​ល្បែង តែង​វិនាស។
  • ជា​ការ​ងាយ​ក្នុង​ការ​ធ្វើការងារ​មួយ​បាន​ល្អ ជាង​ពន្យល់​គេ​ពី​របៀប​ធ្វើ​ការងារ​នោះ។
  • ជាតិ​ទា​ពូជ​ទាប ចង់​នៅ​ទី​រាប មិន​ចង់​ឡើង​ធ្នើរ។
  • ជាតិ​ជា​អ្នក​ជា ស្ងាត់ស្ងៀម​កិរិយា មិន​ចេញ​ក្អេងក្អាង ឯ​សន្តាន​ពាល​ចេញ​ឫក​អាងយ៉ាង ភ្លាត់ស្នៀត​ស្រទាង ព្រោះ​ព្រុយ​មិន​ឈប់ ។
  • ជាងទង​ស៊ី​រង​កំបែក​ ជាង​ដែក​ស៊ី​ហែក​នឹង​ដៃ។
  • ជាង​មិន​កើត​បន្ទោស​ដែក។
  • ជ្រងោ​ប៉ុន​គល់ មិន​យល់​ប៉ុន​សក់។
  • ជ្រាយរអៀច ដូច​បបរ​ឈ្មោល។
  • ជ្រូក​ស្លាប់ ព្រោះ​សាច់។
  • ជួញ​ខាត​កុំ​ឈប់​ខាន បើ​ចង់​បាន​កុំ​ខ្លាច​បង់។
  • ជ្រើម​ដូច​មហាត។
  • ជ្រៃ​លោម​ស្រឡៅ ត្រាវ​លោម​បឹង។
  • ជ្រៅ​ដូច ក្តិត​ចាន។
  • ជ្រៅ​តែ​មាត់ គំនិត​រាក់​កំផែល។
  • ជ្រះថ្លា​តែ​មាត់ ចិត្ត​ស្មូរ​ជន។
  • ជិះ​ក្របី​ចម្លង​ភក់ ស្រណុក​ជា​ជាង​ហែល។

  • ឈើ​វៀច​ធ្វើ​កង់​ឈើ​ត្រង់​ធ្វើ​ទូក
  • ឈឺ​ធ្ងន់​យក​ដំរី​ទៅ​បន់ ដល់​ជំងឺ​ស្រន់​យក​ពងមាន់​ទៅ​ថ្វាយ។
  • ឈឺ​ជើង​ធាត់ ឈឺ​មាត់​ស្គម។
  • ឈើ​ពុក កុំ​ដាក់​គូថ​អង្គុយ។
  • ឈើ​កោង​វល្លិ​ព័ទ្ធ​ មនុស្ស​ខ្ចាត់​ព្រាត់​កុំ​យក​ខ្លួន​បៀត។
  • ឈ្នះ​អ្នក​ខ្ពស់​ដោយ​បន្ទន់​ប្រាណ ឈ្នះ​អ្នក​ក្លាហាន​ដោយ​ទំលាយ ឈ្នះ​អ្នក​ខ្សោយ​ដោយ​សម្ល​បាយ ឈ្នះ​អ្នក​ស្មើ​កាយ​ដោយ​ការ​ព្យាយាម ។
  • ឈ្មោះ​ខ្លួន​បែប​ណា ខំ​ធ្វើការ​ឲ្យ​ដូច​ឈ្មោះ។
  • ឈ្លោះ​នឹង​ស្រី​នាំ​ឲ្យ​ហិន ក្តី​នឹង​ចិន​នាំ​ឲ្យ​ថោក។
  • ឈ្លោះ​នឹង​បរទេស កុំ​ធ្វេស​គំនិត។

  • ញញឹម​ស្មើ សើច​ស្ទើរ សំដី​ពីរោះ ការណ៍​ទាំង​នោះ​ចូរ​ប្រយ័ត្ន ។
  • ញ៉ាម​ដូច​ក្តាម ស៊ី​អាចម៍។
  • ញាតិ​ផ្ទាល់ បើ​មិន​ស្គាល់​គឺ​អ្នកដទៃ។
  • ញាតិ​និង​មិត្រ បើ​ញាតិ​មិន​គិត មិត្រ​ប្រសើរ​ជាង។
  • ញៀន​នឹង​ស្រី​ចំណី​ទុក្ខ។
  • ញៀន​នឹង​ល្បែង​តែង​ហិនហោច។
  • ញៀន​នឹង​បៀប៉ោ អស់​ខោ​អស់​អាវ។
  • ញៀន​នឹង​បៀ គឃៀរ​ស្លៀក​ពាង។
  • ញៀន​នឹង​លាភ ថោកទាប​ដូច​សត្វ។
  • ញៀន​នឹង​ស្រា ដេក​ផ្ងារ​ក្នុង​ផ្លូវ។
  • ញៀន​នឹង​ល្បែង​តែង​បង់​យស។

  • ដាវ​មុតៗ​មែន​ក្នុង​ស្រោម វិជ្ជា​ចេះ​ព្រម​នៅ​ក្នុង​ក្បួន ប្រពន្ធ​គាប់​ចិត្ត​នៅ​ឆ្ងាយ​ខ្លួន ដល់​ជូន​ត្រូវ​ការ​រអារ​ចិត្ត ។
  • ដល់ត្រើយ សើយ​គូថ។
  • ដង្កូវចេញពីសាច់ ច្រែះ​ចេញ​ពី​ដែក។
  • ដាក់​ទុក​កូន​ចៅ ឲ្យ​មើល​ផៅ​សន្តាន។
  • ដឹក​គោ​ញី បន្សី​គោល​ឈ្មោល។
  • ដឹង​ឆ្លើយ​ព្រោះ​ដង កូន​ឆ្គង​ព្រោះ​មេបា។
  • ដឹង​រង្គោះ បោះ​បណ្តោយ។
  • ដឹង​ថា​ខ្លួន​ល្ងង់ គង់​បាន​ជា​ប្រាជ្ញ។
  • ដឹង​បាំង​តាម​សាប់ ច្បាប់​កាត់​តាម​ពាក្យ។
  • ដុតឲ្យខ្លោច រោច​ឲ្យ​ឆៅ។
  • ដូច​ដេក​ផ្ងារ​ស្តោះ​ដាក់​ទ្រូង​ឯង។
  • ដូច(ជាគេ)អូស​ឆែក​ឲ្យ​ចុះ​ទឹក។
  • ដូច​ខ្វៀន​កន្ទុយ​ឆែ្ក ទោះ​នៅ​ប្រែ​ពត់​ពុំ​ត្រង់។
  • ដូច​ក្រពើ វងេ្វង​បឹង។
  • ដួលត្មោល ដូច​គ្មាន​អី​ទប់។
  • ដួល​មិន​បាច់​ច្រាន បាន​មិន​បាច់​ខំ។
  • ដើម​នៅ​ឯ​ស្រែ ផ្លែ​នៅ​ឯ​ផ្សារ។
  • ដើរ​ដោយ​ផ្លូវ​គន្លង តម្រាយ​អ្នក​ចាស់​បុរាណ។
  • ដើរ​ឲ្យ​រំពៃ អង្គុយ​ឲ្យ​រំពឹង។
  • ដើរ​ឲ្យ​មាន​បី ស្រដី​ឲ្យ​មាន​បួន។
  • ដើម្បី​ធ្វើ​រឿង​ធំ​មួយ​ត្រូវ​គិត​ជាមុន​សិន​ចាំ​ធ្វើ​ជា​ក្រោយ។
  • ដេក​យប់​កុំ​ដេក​យូរ ខ្លាច​ក្តី​ទុជ៌ន​ដល់​ប្រាណ។
  • ដេក​មិន​លក់​កុំ​ខំ​ដេក។
  • ដេក​ដល់​ថ្ងៃ នាំ​ចង្រៃ​ខ្លួន។
  • ដេក​ផ្ងារ​ស្តោះ​លើ​ទ្រូង​ឯង។
  • ដេក​លើ​ភ្លៅ ទៅ​បៅ​ដោះ​អ្នក​ដទៃ។
  • ដេក​យប់ កុំ​និយាយ​នឹង​ស្រី។
  • ដេក​ទាល់​ថ្ងៃ យក​កំជិល​ដែល​គេ។
  • ដេកមិនលក់ បក់​មិន​ល្ហើយ។
  • ដេក​ផ្សំ​ដួល រមួល​ផ្សំ​គ្រេច។
  • ដេញ​ទាន់​កុំ​ជាន់​កែង។
  • ដៃ​តូច ខ្លួន​ទាប ចង់​ឈោង​ចាប់​ផ្កាយ។
  • ដៃ​ភ្លើង​ជើង​មាន់។
  • ដាំ​ដូង​ឲ្យ​ខំ​ថែ ចង់​ស៊ី​ផ្លែ​ឲ្យ​ដុត​គល់។
  • ដាំ​ជើងក្រាន​ មិន​ប្រមាណ​ឆ្នាំង។
  • ដំរី​ខ្វាក់ ទ្រមាក់​ឆ្កួត។
  • ដំរី​ជល់​គ្នា ​ងាប់​ស្មៅ​ចិញ្ចៀន។
  • ដំរីសា​ស្លាប់ ​យក​ចង្អេរ​បាំង។
  • ដំបៅ​មិន​ឈឺ យក​ឈើ​ទៅ​ចាក់។
  • ដោះស្រាយ​ប្រស្នា ថ្កើង​អ្នកប្រាជ្ញ។
  • ដោះ​កនែ្ទក អារឹសកូន។

  • ឋិត​នៅ​ក្នុង​សេចក្ដី​ប្រមាទ ឈ្មោះ​ថា​ស្លាប់។

  • ឌមជន​គឺ​អ្នក​ថោក អាច​ប្រែក្លាយ​ភាព​ជា​ខ្ពង់ខ្ពស់ ដោយ​ការ​សេពគប់​នឹង​សប្បុរស ដង្កូវ​បាន​ខ្ពស់​ព្រោះ​បុប្ផា។

  • ឍាលិន​ប្រែថា​អ្នក​កាន់​ខែល​ ចេះ​កាប់​ប្រហែល​ចេះ​ការពារ​ ដូច​អ្នក​ចេះ​ដឹង​មិន​ខ្លាច​រា ឧបសគ្គ​នានា​ការពារ​បាន។ ខែល​និង​អាវុធ​គឺ​វិជ្ជា​ នៃ​ប្រុស​និង​នារី​គ្រប់​ប្រាណ ដែល​បាន​រៀនសូត្រ​យ៉ាង​ចំណាន ក្នុង​ភូមិ​ភព​ឋាន​នា​លោកិយ។

  • ណាយ​កាយ ឆ្ងាយ​ចិត្ត។
  • ណែនាំ​ខុស​ផ្លូវ តែង​ទៅ​អបាយមុខ។
  • ណែនាំ​កូន ត្រូវ​ប្រដៅ​ខ្លួន​ទុកជា​គំរូ។

ត ==ង

  • ត​សំពៅ មិន​ត្រូវ​ស្តាយ​ដែក។
  • ត​វាសនា ឲ្យ​ខំ​សន្សំ​បុណ្យ។
  • ត​ដងរែក ឲ្យ​ល្មម​នឹង​ស្មា។
  • ត​កម្លាំង​ឲ្យ​សេព​អាហារ។
  • តក់ៗពេញបំពង់ ឆុង​ៗ​កំពប់​អស់ ។
  • តម​មេ​ស៊ី​ពង ស៊ី​រង​សម្បុក។
  • ត្រង់​មិន​ឈ្នះ​ទាល់។
  • ត្រីឆ្តោរ​ស៊ី​កូន​ឯង។
  • ត្រីងៀត​ឆ្លៀត​ពង ត្រី​ជាប់​ក្នុង​មង​ ឆ្លៀត​ពន្លាក ។
  • ត្រី​មួយ​ត្រក​តែ​ស្អុយ​មួយ ស្អុយ​ទាំង​អស់។
  • ត្រុកៗ​អ្នក​ស្រុក​មើល​ងាយ រលាស់​គូថ​ខ្ចាយ​មាន​ឱត​មាន​ភាន់ ។
  • តឹង​គិត​ឲ្យ​ធូរ យូរ​គិត​ឲ្យ​ឆាប់។
  • តឹងព្អឹះ​ដូច​អូស​ឫស្សី​ច្រាស​ចុង។
  • ត្រឹកៗ​ដល់​ផ្ទះ តូងតាង​ដេក​ផ្លូវ។
  • ត្រកូល​ស​ជាតិ មារយាទ​ស​ពូជ។
  • ត្រួសត្រាយ​ទុក ស្រណុក​ជាង​កែ​កុន។
  • ត្រូវ​សន្សំ​ទ្រព្យ តិចៗ​ត្រឡប់ ចំរើន​ធាត់​ធំ។
  • ត្រៀម​ទុក​មុន មិន​ស្កុនការ។
  • ត្រេកអរ​មុន ទុក្ខ​ក្រោយ។
  • ថយ​យស ព្រោះ​ព្រហើន។
  • ថិតថេរ​តែ​ខ្លួន ចិត្ត​ផ្ទួន​តែ​ទុក្ខ។
  • តក់ៗ​ពេញ​បំពង់ ឆុងៗ​កន្លះ​ក្រហែត។
  • ថោក​អី​នៅ​ដៃ​ថ្លៃ​អី​នៅ​មាត់។

  • ទាហាន​ថ្កើង​ដ្បិត​សឹក ធ្វើ​ស្រែ​ដ្បិត​ទឹក ត្រឹក​ពល​ព្រោះ​បាយ សិស្ស​ប្រាជ្ញ​ដ្បិត​គ្រូ ជេរ​ពោល​ដំ​វាយ ពល​ថ្កើង​ដ្បិត​នាយ ហ្វឹកហ្វឺន​ខះខំ ។
  • ទំពក់​វា​ទៅ​ ទើប​ព្នៅ​វា​មក។
  • ទ្រព្យ​ច្រើន​ព្រួយ​រក្សា ទ្រព្យ​តិច​ណា​ព្រួយ​រិះរក។
  • ទ្រព្យធន​ទោះ​ថោក​ថ្លៃ រួម​រក្សា​កុំ​បី​ធ្លោយ។
  • ទន្លេ​ដប់ មិន​ស្កប់​សមុទ្រ​មួយ។
  • ទឹក​ថ្លា​ល្គឹក​បើ​ល្អក់ ដ្បិត​រលក​បោក​សោះសា។
  • ទឹកជន់ បុណ្យ​សេ្តច ។
  • ទឹក​រាក់​ត្រឹម​ភ្លៅ ទឹកជ្រៅ ត្រឹម​ជង្គង់។
  • ទឹក​ត្រជាក់​ត្រី​កុំ ទឹក​ក្តៅ​ត្រី​រត់​ចេញ។
  • ទឹក​បាក់​ទៅ​ទាប ដី​ខ្ពស់​កណ្ដៀរ​ពូន។
  • ទឹក​ហូរ​មិន​ដែល​ហត់ ព្រះពុទ្ធ​មិន​ដែល​ខឹង។
  • ទឹកហូរ​មិន​ដែល​ហត់ ប្រុស​ស្បថ​កុំ​ឲ្យ​ជឿ។
  • ទឹក​ថ្លា​លាង​សក់ ទឹក​ល្អក់​លាង​ជើង។
  • ទុក​ចោល​វា​ចាស់ ប្រើ​ណាស់​វា​ថ្មី។
  • ទូក​ទៅ កំពង់​នៅ។
  • ទូក​យើង​វែង ទូក​គេ​ខ្លី​តាម​គេ​មេ្តច​ទាន់។
  • ទូក​ដាច់​យក​ទូក​តាម។
  • ទូក​បែក​ជា​ទូក​គត់ ទូក​កំបុត​ជា​ទូក​កង។
  • ទាំង​អ្នក​មាន​និង​អ្នក​ក្រ​គឺជា​កូនចៅ​នៃ​គំនិត។
  • ទៅ​ឥត​គេ​រក មក​ឥត​គេ​ហៅ។

  • ធ្ងន់​នៅ​ថ្ម ក្រ​នៅ​ក្តី។
  • ធ្វើ​មិន​បាច់​ភ្ជួរ រក្សា​តែ​មួរ ស៊ី​ស្រូវ​មិន​អស់។
  • ធ្វើ​គុណ​បាន​ទោស ដូច​ប្រោះ​ខ្លា​ស្លាប់។
  • ធ្វើ​បាប​មិន​ធ្វើ​បុណ្យ លែង​ជាតិ​ទៅ​នៅ​នរក។
  • ធ្វើ​ស្រែ​ទាន់​ក្តៅ​ដី ចង់​ស្រី​ទាន់​ក្តៅ​ចិត្ត។
  • ធ្វើ​ស្រែ​នឹង​ទឹក ​ធ្វើ​សឹក​នឹង​បាយ។
  • ធ្វើ​ស្រែ​ឲ្យ​មើល​ស្មៅ​ ទុកដាក់​កូនចៅ​ឲ្យ​មើល​ផៅសន្ដាន។
  • ធ្វើ​ល្អ​បាន​ល្អ​ ធ្វើ​អាក្រក់​បាន​អាក្រក់។
  • ធ្វើ​ចេះ​ត្រូវ​គេ​ប្រើ ធ្វើ​ល្ងីល្ងើ​ស្រណុក​ខ្លួន។
  • ធ្វើការ​តិច​ចាយ​ច្រើន​ចម្រើន​ក្រ។
  • ធ្វើគុណ១០០ សំពៅទោស១ចូលទៅរលាយគុណអស់។
  • ធុង​ទទេ​ឮ​ខ្លាំង​ណាស់។
  • ធ្នូ​ស្នា​បង់បាញ់ ​ធម៌​បង់​ទន្ទេញ​​ ស្រ្ដី​បង់​ភស្ដា របាំ​បង់​លេង​វង្វេង​តម្រា​ចាត់​ក្នុង​មលាមន្ទិល​សៅហ្មង។
  • ធំ​តែ​ខ្លួន ដូច​ឃ្លោក។

  • នំ​មិន​ធំ​ជាង​នាឡិ។
  • នឿយ​មុន ស្រណុក​ក្រោយ។
  • នារី​មាន​ប្តី​ពីរ​បី​ដង ភិក្ខុ​ផង​នៅ​វត្ត​ពីរ​បី​វ៉ា បក្សី​ជាប់​ជង់​ពីរ​បី​គ្រា មាយា​ពួក​នេះ​ធ្វើ​ច្រើន​ក្រៃ ។
  • និយាយ​បាតដៃ​ជា​ខ្នងដៃ។
  • និយាយ​ច្រើន​គេ​មិន​ស្តាប់ អាប់ប្រាជ្ញា។
  • និយាយ​បែក​ជា​អូរ ហូរ​ជា​ស្ទឹង។
  • និយាយ​យប់​ផ្ទប់​ព្រៃ និយាយ​ថ្ងៃ​ព្រៃ​មាន​ត្រចៀក។
  • និរាស​កុំ​មេ្ញញ ខឹង​កុំ​ទន្ទេញ ស្អប់​កុំ​ព្យាបាទ។
  • នឹង​លេប​វា​ស្លាក់ នឹង​ខ្ជាក់​វា​សែ្លង។
  • នឹង​ឆី​ចង់​ពិសា ខ្ជិល​ទំពា​ឲ្យ​ម៉ដ្ឋ​ហ្មង។
  • នឿយណាយ​កុំ​ដេក យក​ប្រពន្ធ​ឲ្យ​មើល​ម្តាយក្មេក ចូល​ដំណេក​កុំ​និយាយ​នឹង​ប្រពន្ធ។
  • នៅ​ផ្ទះ​ម្តាយ​ទីទៃ នៅ​ព្រៃ​ម្តាយ​តែ​មួយ។
  • នៅ​ពេល​ដែល​បុគ្គល​ម្នាក់​មាន​ចរិត​មិន​ច្បាស់លាស់​ចំពោះ​អ្នក ត្រូវ​រក​មិត្ត​ផេ្សង។

  • បន់​ព្រះ​ទៅ​សំពះ​ឯ​បាយាប។
  • បង់​បោយ​មិន​មើល​ប្រាណ ដាំ​ជើងក្រាន​មិន​ប្រមាណ​ឆ្នាំង។
  • បន់ព្រះ សំពះ​ទេព្តា។
  • បណ្ឌិត​មាន​ការ​មិន​រក​រឿង​ជា​កម្លាំង។
  • បណ្ឌិត​ស្ងៀមស្ងាត់ ចាំ​ស្តាប់​គ្រប់​ម៉ាត់ អ្នក​ពោល​ប្រាស្រ័យ ប្រើ​ស្មារតី​គិត​គំនិត​កែខៃ ឲ្យ​បាន​ជោគជ័យ ជាង​ពោល​ប៉ប៉ាច់ ។
  • បញ្ញើ​ទុក ស្មើ​បំណុល។
  • ប្រពន្ធ​ពីរ គោ​បី ដំរី​មួយ នាំ​ឲ្យ​ព្រួយ​ចិត្ត។
  • ប្រហែស​បាត់ ប្រយ័ត្ន​គង់។
  • ប្រមាថ​ម្តាយ រំលាយ​ព្រះ។
  • ប្រមាថ​ព្រៀងលាន តែង​មាន​ក្តី​ទុក្ខ។
  • ប្រមាថ​ចាស់ អាយុ​ខ្លី។
  • ប្រមាត់ដី អួត​ចង់​ឡើង​ទ្រើង។
  • ប្រញាប់​ពេក​ដេក​ផ្លូវ។
  • ប្រើ​ខ្ញុំ​មើល​មុខ​វា ទោះ​កាច​ជា​មើល​ឲ្យ​សែ្តង។
  • បាតដៃ​ជា​ខ្នងដៃ។
  • បាន​តែ​បាប មិន​ឆ្អាប​មាត់។
  • បាន​ពី​ក្អែក ចែក​ទៅ​តាវៅ។
  • បាន​មាស ក្រ​អី​នឹង​ក្រដាស​ខ្ចប់។
  • បាបកម្ម​កុំបី​មាន សីល​និង​ទាន​ឲ្យ​រិះគិត។
  • ប្រាក់​ក៏​បង់​ ថង់​ក៏​ដាច់។
  • ប្រាជ្ញា​បុណ្យ​ផង​កើត​ដោយ​ប្រតិបត្តិ។
  • ប្រះ​ដេក​ឆាប់​លក់ ត្បិត​ឥត​បើ​គិត។
  • បុណ្យ​បាត់​ដ្បិត​បាប លាប​បាត់​ដ្បិត​ឃោរ។
  • បុណ្យ​ក៏​ធ្វើ ​ឈើ​ក៏​កាប់។
  • បុរស​ទុក​ដូច​មាស ស្រី​ទុក​ដូច​ទង់ដែង។
  • បួស​ដោយ​វត្ត ចិត្ត​ដោយ​ខ្លួន។
  • បំណាច់​នឹង​បាប ឲ្យ​ឆ្អាប​មាត់។
  • បើ​ត្រាប់​ឯ​តាំង​យូ ក្រ​ឯ​គ្រូ​ពុំ​គួរ​ត្រាប់។
  • បើ​នឹង​រស់​ឲ្យ​គាប់ បើ​នឹង​ងាប់​ឲ្យ​គួរ។
  • បើ​មិន​ជួយ​ចូក​ជួយ​ចែវ កុំ​យក​ជើង​រា​ទឹក។
  • បើ​ប្រឹង​នឹង​ស្រួច បាច់​អី​សម្រួច​ដូច​បន្លា។
  • បើ​ឆី​កុំ​តាម​ឃ្លាន មើល​ប្រមាណ​គ្រប់​គ្នីគ្នា។
  • បើ​កាចៗ​ឲ្យ​គេ​កោត បើ​ឆោតៗ​ឲ្យ​គេ​អាណិត។
  • បើ​ក្រ​ទ្រព្យ​ក៏​ក្រ​ចុះ កុំ​ឲ្យ​តែ​ទាល់​គំនិត។
  • បើ​ខឹង​ឲ្យ​ខំ​អត់ បើ​ខ្សត់​ឲ្យ​ខំ​រក។
  • បើ​ត្រាប់​សត្វ​ក្ងោក កុំ​បី​ត្រាប់​ពុត​ទន្សាយ។
  • បើ​មិត្ត​មិន​ល្អ កុំ​យក​ជា​មិត្ត។
  • បើ​ឮ​សូរ​ផ្គរ កុំ​អាល​ចាក់​ទឹក​ចោល។
  • បើ​ស្តី​ឲ្យ​ពិនិត្យ ពាក្យ​ណា​ពិត​សឹង​ចរចា។
  • បើក​ក្តោង​ទាន់​ត្រូវ​ខ្យល់។

  • ផឹក​ស្រា​ក្លា​សំដី។
  • ផ្ទុក​រទេះ​តាម​ចំណុះ។
  • ផ្លែឈើ​មិន​ដែល​ជ្រុះ​ឆ្ងាយ​ពី​គល់។
  • ផ្លស់​យស ព្រោះ​ប្រមាថ។
  • ផ្លូវ​វៀច​កុំ​បោះបង់ ផ្លូវ​ណា​ត្រង់​កុំ​ដើរ​ហោង ដើរ​ដោយ​ផ្លូវ​គន្លង តម្រាយ​ចាស់​បុរាណ ។
  • ផ្ទះ​ធំ​ស្រណុក ដ្បិត​ភរិយា​ជា។
  • ផ្ទះ​បាក់​បែក ឆាប់​ទល់​ទ្រ។
  • ផោម​ក្នុង​ទឹក​ម្តេច​គង់​ស្អុយ។

  • ពង​មាន់​កុំ​ផ្ញើ​នឹង​ក្អែក។
  • ពាក្យ​គ្រូ​រែង​រឹង ស្រា​រែង​ស្រវឹង ពុំ​ដែល​ពិសា។
  • ពាក្យ​អប្រិយ​ចាញ់​អាត្មា។
  • ពាក្យ​ច្រើន​ភូត ចាញ់​អាត្មា។
  • ពាក្យ​ស្លែង​កុំ​ស្អប់ ពាក្យ​គាប់​ឲ្យ​យក។
  • ពាក្យ​ម្តាយ ទំនាយ​គ្រូ។
  • ពិបាក​ត្រូវ​គិត​ឲ្យ​ធូរ យូរ​ត្រូវ​គិត​ឲ្យ​ឆាប់ ។
  • ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​ឲ្យ​យក។
  • ពូជ​ទា​នៅ​តែ​ទា ពូជ​មាន់​នៅ​តែ​មាន់។
  • ពូកែ​ឯង ឲ្យ​ក្រែង​ពូកែ​គេ។
  • ពួន​តែ​មុខ គូថ​នៅ​កណ្តាល​វាល។
  • ពេល​វេលា​ជា​វត្ថុ​មាន​តម្លៃ​បំផុត​សម្រាប់​មនុស្ស​ម្នាក់ៗ។
  • ពេជ្រ​កើត​ពី​ថ្ម តែង​ទំពា​ស៊ី​ថ្ម​វិញ។
  • ព្នៅ​នៅ​ថ្នក់ ទំពក់​នៅ​ដៃ។
  • ព្រះ​មិន​សម ព្រហ្ម​មិន​ជួយ។
  • ព្រះរាជា​មាន ឥស្សរិយៈ​ជា​កម្លាំង។

  • ភ័ព្វសំណាង​ផ្តល់​ឲ្យ​តែ​មនុស្ស​ណា​ដែល​ចេះ លួងលោម​វា​ប៉ុណ្ណោះ។
  • ភរិយា​ល្អ​ក្រ​រក​បាន បើ​ជា​មាន​ទុក​ធ្វើ​គំរូ។
  • ភរិយា​ស្អាត​នៅ​ឆ្ងាយ​ពី​ខ្លួន ដាវ​មុត​នៅ​មែន​តែ​នៅ​ក្នុង​ស្រោម ចំណេះ​ចេះ​ព្រម​នៅ​តែ​ក្នុង​ក្បួន ចួន​ជា​ត្រូវការ​រអា​ចិត្ត ។
  • ភាព​ក្រីក្រ​និង​ការ​មាន​ទ្រព្យសម្បត្តិ​គឺជា​ពន្លក​នៃ​គំនិត។
  • ភូត​នៅ​ហោរ ចោរ​នៅ​ជាង។
  • ភ្លើង​ឆេះ​មក​ពី​សំរាម។

  • មនុស្ស​ពាល​មាន​ការ​រករឿង​ជា​កម្លាំង។
  • មនុស្ស​ចេះ​គេ​ថា​កាច មនុស្ស​ប្រាជ្ញ​គេ​ថា​ព្រើល។
  • មនុស្ស​កុំ​មើល​ងាយ​មនុស្ស។
  • មនុស្ស​ឆ្លាត​គេ​ថា​ឆោត មនុស្ស​ប្រាជ្ញ​គេ​ថា​ល្ងង់។
  • មនុស្ស​កាច​កុំ​ប្រសព្វ កុំ​ទៅ​គប់​នឹង​ចោរ​ក្មួញ។
  • មនុស្ស​បាក់​ត្រង់​ណា ល្អិត​ស្មៅ​ត្រង់​ណោះ។
  • មនុស្ស​ស្លាប់ ព្រោះ​វាចា។
  • មនុស្ស​ជា​គេ​ថា​ឆោត មនុស្ស​ស្លូត​គេ​ថា​ល្ងង់។
  • មនុស្ស​នឹង​បា្រក់​ យក្ស​នឹង​សាច់។
  • មនុស្សជាតិ​ទាំងអស់​ដែល​កើត​ឡើង​តាម​ធម្មជាតិ​តែងតែ​ប្រាថ្នា​ចង់​ដឹង។
  • មាន​ល្អ​ព្រោះ​រោម រូប​ឆោម​ល្អ​ព្រោះ​តែង។
  • មាន​ផ្ទះ​ឥត​មនុស្ស​នៅ មាន​ផ្លូវ​ឥត​មនុស្ស​ដើរ។
  • មាន​គំនិត ឥត​កំណើត។
  • មាន​ដំបៅ​ទើប​រុយ​វា​រោម។
  • មាត់​តែ​ប្រកែក អម្រែក​តែ​ទទួល។
  • មនុស្ស​ចាប់ផ្តើម​រស់​ពិត​ប្រាកដ នៅ​ពេល​គេ​អាច​រស់​នៅ​ក្រៅ​ខ្លួន​ឯង។
  • ម្រឹគ​ទាំងឡាយ​មិន​ដែល​បោល​ចូល​មាត់​សិង្ហ​ដែល​កំពុង​ដេក​លក់​ស្ងៀម ។

  • យក​ពងមាន់​ទៅ​ផ្ញើ​នឹង​ក្អែក។
  • យប់​មើល​នឹង​ដៃ ​ថ្ងៃ​មើល​នឹង​ភ្នែក។
  • យល់​ទោស​ថា​ជា​គុណ យល់​ឯ​បុណ្យ​ថា​ជា​បាប។
  • យើង​ធ្វើ​គេ គេ​ធ្វើ​យើង​វិញ​ដូចគ្នា។
  • យក​សំផឹង​ធ្វើ​ប្រពន្ធ កុំ​យក​ប្រពន្ធ​ធ្វើ​សំផឹង។

  • រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក។
  • រក​ស៊ី​និង​ក្តិត ដូច​ពីងពាង។
  • រក​អុស​ប្រទះ​ឈើ​ងាប់។
  • រស់​ក៏​គាប់ ងាប់​ក៏​គួរ។
  • រស់​នៅ​ថា​អាក្រក់ ស្លាប់​បាត់​មុខ​ថា​ល្អ។
  • រត់​ឥត​អំពើ ដើរ​អំណត់​ចម្រើន​ជាង។
  • រទេះ​បាក់​មិន​គិត ទៅ​គិត​ឯ​គោ​លួច​ដាំង។
  • រទីសរទាស ដូច​រាស្រ្ត​ឥត​សេ្តច។
  • រលំ​មិន​បាច់​ច្រាន បាន​មិន​បាច់​ខំ។
  • រហ័ស​តែ​ពាក្យ ត្រគាក​ស្លាប់​ស្តូក។
  • រឿង​ដ៏​កម្រ​បំផុត​ដែល​មនុស្ស​មិន​ដែល​ធ្វើ គឺ​ត្រូវ​ខំ​ធ្វើ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
  • រៀន​រិះ​រក្សា​គ្រង យក​ចេញ​ចាយ​ដោយ​រដូវ។
  • រោគ​រោម​កាយា ថ្កើង​ឯ​គ្រូពេទ្យ។

  • លាក់​តែ​មុខ គូទ​នៅ​កណ្តាល​វាល។
  • លិច​សឹម​លោត ដល់​កំប៉ូត​សឹម​តោង។
  • លិច​កញ្ជង់ លង់​កញ្ជើ។
  • លូក​ប្រហុក លូក​ឲ្យ​កប់​ក្លៀក។
  • លួច​គេ​វា​គ្រាន់ ដល់​ពេល​គេ​ទាន់​វា​ក្រែល។
  • លួច​គេ​វា​ធ្លាប់​ដៃ ដេក​ថៃ្ង​វា​ធ្លាប់​ភែ្នក។
  • លួច​ណា​មិន​លួច លួច​ចំ​អ្នក​ក្រ។
  • លឿន​លៃ​មិន​ទាន់។
  • លេង​ក្មេង​អាប់​យស ​លេង​ពស់ៗ​ខាំ។
  • លេប​ទៅ​វា​ស្លាក់ ខ្ជាក់​ទៅ​វា​សែ្លង។
  • លោភ​ពេក វា​បែក​ពោះ។
  • លំបាក​ត្រូវ​គិត​ឲ្យ​ធូរ យូរ​ត្រូវ​គិត​ឲ្យ​ឆាប់ ។
  • វែង​ផុត​ត្រឹម​ពាក្យ​សំដី ខ្លី​ផុត​ត្រឹម​មិន​និយាយ
  • វក់​នឹង​អាភៀន តែង​ញៀន​ជាប់។
  • វេច​សំពាយ​ចាំ​ព្រេងសំណាង អាង​តែ​ដុត​ធូប។

  • ស្រលាញ់​កុំ​ទៅ​ញឹក បើ​រលឹក​សឹម​ទៅ​ម្ដងៗ។
  • សង្ឃ​ផ្គង់​វិន័យ ស្រី​ផ្គង់​មារយាទ។
  • សត្វ​តុក​កែ​ស្លាប់ ដោយ​សារ​ប្រើស។
  • សង់​ផ្ទះ​តាម​ចិត្ត​អ្នក​នៅ។
  • សប្បាយ​មាន​ទុក្ខ ស្រណុក​មាន​ភ័យ។
  • សប្បុរសជន​ចង់​ដឹង​ពី​សេចក្ដី​ត្រូវ​ការ​មិនមែន​ចង់​ដឹង​ពី​មូលហេតុ​ទេ។
  • សព្វថ្ងៃ​នេះ​ប្រភព​ធនធាន​ធំ​បំផុត​តែ​មួយ​គត់​គឺ​នៅ​ចន្លោះ​ត្រចៀក​អ្នក។
  • សរសើរ​តែ​មាត់ ចិត្ត​ផ្ដន្ទា។
  • សាង​ល្អ​បាន​ល្អ។
  • សាង​បាប​បាន​បាប ​សាង​បុណ្យ​បាន​បុណ្យ។
  • សាប​មួយ​ដៃ ប្រៃ​មួយ​ចឹប។
  • ស្លាប់​ដូច​ពស់ រស់​ដូច​កង្កែប។
  • ស្ថិតស្ថេរ​ឥត​អំពើ បើ​មិន​ធើ្វ​អំពើ​ល្អ។
  • សីល​ជា​ស្ពាន ទាន​ជា​ស្បៀង។
  • សូវ​ទូល​ក្តី​ត​បាវ កុំ​ឲ្យ​ទូល​ក្តី​ត​កញ្ជើ។
  • សេរីភាព​គ្មាន​អ្វី​ក្រៅពី​ជួយ​ឲ្យ​មនុស្ស​មាន​ឱកាស​ល្អ​ប្រសើរ​ទេ។
  • សំដី​ជា​ឯក លេខ​ជា​ទោ អក្សរ​ជា​ត្រី។
  • ស៊ី​នឹង​អ្នក​ណា ត្រូវ​​យក​អាសា​អ្នក​នោះ។
  • ស្វែងរក​រៀន​ច្បាប់ ពុំ​ស្មើ​ចិត្ត​ជា។
  • សំណាប​យោង​ដី ស្រី​យោង​ប្រុស។
  • ស៊ូ​ស្លាប់​បារ​កុំ​ឲ្យ​ស្លាប់​មេ ស៊ូ​លិច​ទូក​កណ្ដាល​ទន្លេ​កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ

៚ ហ ៚

  • ហា​ឡើង​វា​ស្លាក់ ខ្ជាក់​ទៅ​វា​ស្លែង។
  • ហា​ហួស​ចង្កា ថា​ហួស​សេចក្ដី។
  • ហ៊ាន​ស្បែក​ដាច ខ្លាច​ស្បែក​ស្វិត។
  • ហុច​អំបោះ មិន​ឲ្យ​ស្រណោះ​ដៃ ។

  • ឡេះឡោះ ដូច​ទឹក​កន្លះ​ក្អម។

  • អំពើ​ហិង្សា​នាំ​ឲ្យ​បាត់បង់​សុភមង្គល។
  • អន្ទង់​វែង​ឆ្នាំង​វែង។
  • អ្នក​ខ្ពស់​រក្សា​ទាប ដោយ​សុភាព​ធម៌​បុរាណ។
  • អ្នកចេះ​ដប់ មិន​ស្មើ​អ្នក​ប្រសប់​មួយ។
  • អ្នក​ដំ​កុំ​ផ្ញើ​ដែក អ្នក​ប្រមឹក​កុំ​ផ្ញើ​ស្រា។
  • អាង​តែ​មាន​អណ្តាត ចេះតែ​ផ្ទាត់​ទៅ។
  • អាង​តែ​អណ្តាត​ឥត​ឆ្អឹង ចេះ​តែ​គ្រលាស់​ទៅ។
  • អា​គក​ណា ក៏​ស៊ី​ស្រូវ​ដែរ។
  • អាវ​សម្រាប់​ខ្លួន ពូន​សម្រាប់​ជួយ។

  • ឥត​ដំបៅ​ហៅ​ជម្ងឺ ដំបៅ​មិន​ឈឺ​យក​ឈើ​ចាក់។

  • ឮ​ផ្គរ​ឲ្យ​មើល​ខ្យល់ ក្តី​ពុំ​យល់​កុំ​អាល​ក្រោធ។

៙ ឯកសារ​យោង ៖
- សៀវភៅ​ ប្រមូល​ភាសិត​ខ្មែរ​ ផ្សាយ​ចេញពី​សមាគម​សម្តេច​ ជួន ណាត
- ប្រភព​ផ្សេង​ទៀត

No comments

Post a Comment